
០១
ភាពយន្ដ
ចាប់កំណើតនៅក្នុងទឹក។
ត្រូវបានលក់ទៅក្នុងភាពខ្មៅងងឹត។
នៅត្រង់ចំណុចដែលជាបេះដូងនៃប្រទេសកម្ពុជា ដែលភ្លៀងមូសុងបានធ្វើឲ្យជន់លិចវាលស្រែស្រូវទុំ ហើយសម្លេងខ្សឹបៗបន្លឺឡើងតាមដងទន្លេប្រាប់ពីអាថ៌កំបាំងតាំងពីយូរយារណាស់មកហើយ មានក្មេងប្រុសម្នាក់បានចាប់កំណើតមកយ៉ាងចម្លែកដោយមានចំណងយ៉ាងជិតស្និតជាមួយនឹងទឹក។ គាត់មានឈ្មោះថារិទ្ធី ប៉ុន្ដែពិភពលោកនឹងមកស្គាល់គាត់ក្នុងនាមថា “កូនត្រី”។
ជាក្មេងប្រុសដែលកើតនៅក្នុងទឹកជន់ បានធ្វើឲ្យរិទ្ធីអាចហែលទឺកបានយ៉ាងល្អ ប្រៀបដូចជាខ្យល់ដង្ហើមដែលឆ្លងកាត់ទៅរាងកាយអញ្ចឹង។ សម្រាប់គាត់ ទឹកគឺជាសេរីភាព ហើយវាប្រៀបដូចជាផ្ទះផងដែរ។
នៅពេលដែលជម្ងឺបានមកបៀតបៀនអ្នកផ្ទះរបស់ខ្លួន សមត្ថភាពពិសេសពីកំណើតរបស់គាត់បានប្រែក្លាយទៅជាទុក្ខទោសសម្រាប់គាត់ទៅវិញ។
គាត់ត្រូវបានគេលក់ដូចជាទំនិញ ដោយបុរសម្នាក់ដែលមានចិត្តសាហាវឃោរឃៅជ្រៅជាងបាតសមុទ្រទៅទៀត រិទ្ធីត្រូវបានឃា្លតចាកឆ្ងាយចេញពីទន្លេដែលតែងតែមានឈ្មោះរបស់គាត់ ហើយត្រូវរុញចូលទៅក្នុងសុបិន្ដដ៏អាក្រក់នៅមហាសមុទ្រ។
នៅទីនោះ មហាសមុទ្រមិនមែនជាជម្រកដ៏មានសុភមង្គលនោះទេ។
ប៉ុន្ដែវាប្រៀបបាននឹងកន្លែងបញ្ចុះសពដ៏គ្រោះថ្នាក់។
គាត់ត្រូវបានគេបង្ខំឲ្យមុជចូលទៅក្នុងមហាសមុទ្រដ៏សែនជ្រៅដែលមិនអាចមានក្មេងណាទៅបាន រិទ្ធីបានលិចលង់ចូលទៅក្នុងស្រមោលអន្ធកាលដែលចង់តែលេបត្របាក់គាត់បាត់់ទៅ ខណៈពេលដែលរាងកាយពោរពេញដោយភាពឈឺចាប់ ពន្លឺនៃជីវិតក៏ស្ទើរតែរលត់បាត់ទៅដូចគ្នា។ គាត់ត្រូវចុះទៅបាតសមុទ្រដើម្បីរាវរកទ្រព្យសម្បត្តិឲ្យថៅកែដែលសម្លឹងមើលឃើញតែប្រយោជន៍ និងការចំណេញ ហើយមិនខ្វល់ពីក្មេងៗដែលកំពុងលិចលង់ចូលទៅបាតសមុទ្រនោះទេ។
គ្រប់ដង្ហើមចេញ ស្ទើរតែបាត់បង់។
ហើយរាល់ការមុជចូលទៅក្នុងទឹក គឺសុទ្ធតែជាផ្លូវទៅរកភាពរលត់សូន្យសុងនៃជីវិត។
“រឿងកូនត្រី” មិនមែនជាភាពយន្ដគំនូរជីវចលធម្មតាប៉ុណ្ណោះទេ ប៉ុន្ដែវាគឺជារឿងនិទានខ្មែរដែលប្រកបទៅដោយជីវិតជីវ៉ា ចងក្រងឡើងតាមរយៈការរួមបញ្ចូលគ្នារវាងព្រេងនិទាន មេរៀននៃការលត់ដំក្ដីឈឺចាប់ និងគូរដោយសេចក្ដីសង្ឃឹមរបស់ជាតិសាសន៍មួយ ដែលតែងតែកែប្រែពីភាពឈឺចាប់វេទនាឲ្យក្លាយទៅជាភាពស្រស់ស្អាតនៃសិល្បៈ។
នេះជាសាច់រឿងរបស់ក្មេងប្រុសម្នាក់ដែលត្រូវបានមនុស្សមួយក្រុមប្រាប់ថាគាត់គ្មានតម្លៃ រូបរាងតូចទាបមិនសាកសម កើតមកជាកូនអ្នកក្រ និងចម្លែកពីអ្នកដទៃ ប៉ុន្ដែគាត់នៅតែតស៊ូ ពុះពារជំនះនូវការប្រមាថទាំងនោះក្នុងជម្រៅសមុទ្រដ៏សែនជ្រៅ។
ពីទឹកទន្លេមេគង្គដ៏សក្ដិសិទ្ធ…
រហូតចូលទៅដល់ស្រមោលអន្ធកាលដ៏ជ្រៅ ដែលសូម្បីតែពន្លឺក៏ស្ទើរតែមិនអាចជ្រៀបទៅដល់…
ដំណើរជីវិតរបស់គាត់ នឹងត្រូវបានគេជាន់ពន្លិចយ៉ាងជ្រៅ ប៉ុន្ដែគាត់នឹងរស់រានពីភាពអាក្រក់ទាំងនោះ។
@SkinnyFish.TheFilm
#ProudlyKhmer
ផលិតដោយ សមាគមហ្វារពន្លឺសិល្បៈ រួមជាមួយនឹងPhare Creative Studio
ក្រុងបាត់ដំបង ប្រទេសកម្ពុជា
ខ្សែភាពយន្តគំនូរជីវចលរយៈពេល ៩២ នាទីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ មិនត្រឹមតែសម្រាប់ហ្វារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគតនៃសិល្បៈច្នៃប្រឌិតនៅកម្ពុជា។ វាបង្ហាញឱ្យពិភពលោកឃើញថា ស្នាដៃកម្រិតអន្តរជាតិ ពិតជាអាចបង្កើតឡើងនៅក្រុងបាត់ដំបង ដោយមានអត្តសញ្ញាណជាតិខ្មែរច្បាស់លាស់ និងមានភាពល្បីល្បាញដល់កម្រិតសកលលោក។
ចាប់តាំងពីការងារចុះជួយនៅតាមសហគមន៍ រហូតដល់សមិទ្ធផលភាពយន្តដ៏អស្ចារ្យដូចជា រឿងកូនត្រី ។ Phare Creative Studio នៅតែបន្តប្តេជ្ញាចិត្តចំពោះការពិតមួយថា៖ សិល្បៈមិនមែនត្រឹមតែជារបស់លម្អដែលមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាដង្ហើមនៃជីវិត។ ហើយនៅក្នុងប្រទេសកម្ពុជា សិល្បៈកំពុងដើរតួនាទីក្នុងការផ្លាស់ប្តូរទិដ្ឋភាពជាច្រើន។
